ចឹងដូចពាក្យចាស់បូរាណលោកនិយាយមិនខុសថា ដំរីស្លាប់ទោះយកចង្អេរទៅបាំងក៏បាំងវាមិនជិតនោះដែរ ជាក់ស្តែងរឿងរ៉ាវដីស្រែមួយកន្លែង ដែលកន្លងមកមន្ត្រីអាជ្ញាធររដ្ឋអំណាចមួយចំនួន ព្យាយាមធ្វើការបិទបាំងអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុត នៅចុងឆ្នាំ ២០១៩ នេះ ត្រូវបានកម្រើកឡើងវិញបែកធ្លាយដូចអង្កាមបញ្ច្រាសខ្យល់ ក្រោយពេលដែលមានពាក្យបណ្តឹងរបស់ ពលរដ្ឋ សុំទៅរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយពួកគាត់ ។តាមប្រភពពីស្រុកកំពង់ស្វាយបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១១ និង៣០នាទី ថ្ងៃត្រង់ នៅ ចំណុចវាលស្រង៉ែ ក្នុងភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីតវ៉ារបស់ប្រជាពលរដ្ឋ បានប្រមូលផ្តុំគ្នា បង្ហាញអំពីការកើតទុក្ខមិនសុខចិត្តរបស់ខ្លួនចំពោះបុគ្គលថ្នាក់ដឹកនាំអាជ្ញាធរមួយចំនួន ក្នុងករណីដែលក្លែង បន្លំយកដីស្រែដែលត្រូវបែងចែកឲ្យពលរដ្ឋនោះ យកទៅជួលឲ្យឈ្មួញរាប់ឆ្នាំ ។ ប្រភពនោះបានបន្តថា ក្រោមកំដៅថ្ងៃ ក្តៅស្ទើរខ្លោចឆេះខ្លួន គេបានឃើញប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នា ប្រមាណជាងពីររយ នាក់ អមជាមួយលិខិតស្នាមមួយចំនួន បានអះអាងជាសាធារណៈនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន ដើម្បីជួយពាំនាំចែក រំលែកអំពីទុក្ខលំបាករបស់ពួកគាត់ ដោយកន្លងមកអាជ្ញាធរថ្នាក់ស្រុក និងថ្នាក់ខេត្ត ព្យាយាមបិទបាំងមិនឲ្យថ្នាក់ដឹកនាំ កំ ពូលៗ បានដឹងរាប់ឆ្នាំនោះ នៅពេលនេះ ពួកគាត់ទាំងអស់គ្នាសុំឲ្យមហាជនជួយគាំទ្រ ជួយឈឺឆ្អាលពួកគាត់ផង ។ ពួកគាត់ទាំងអស់គ្នានោះ បានលើកឡើងថា កន្លងមកប្រមុខរាជរដ្ឋាភិបាល បានយល់ព្រមកាត់ឆ្វៀលដីចែកឲ្យពួកគាត់ ក្នុង ឆ្នាំ២០១៤ ទៅ២០១៥ ប៉ុន្តែដីដែលប្រមុខថ្នាក់ដឹកនាំប្រកាសចែកពួកគាត់នោះ ពួកគាត់គឺមិនទទួលបានដីនោះទេ ផ្ទុយទៅវិញ បែរជាបុគ្គលអស់លោកអាជ្ញាធរមួយចំនួនបានយកដីនោះទៅលក់ និងចាត់ចែងជួលបន្ត ទៅឲ្យក្រុមឈ្មួញកណ្ដាលទៅ វិញ ដែលផ្ទុយពីការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឲ្យពួកគាត់ទាំងអស់គ្នា រស់នៅក្នុងទង្វើអយុត្តិធម៌នេះ រាប់ឆ្នាំតែម្តង ។ប្រភពដដែលនោះបន្តថា ផ្ទៃដីចំនួនប្រមាណជាង ២.០០០ហិកតា រាជរដ្ឋាភិបាល បានកាត់ឲ្យពួកគាត់តាំងពីឆ្នាំ ២០១៤ និងឆ្នាំ២០១៥ ប៉ុន្តែរូបលោក ហេង មនោ ជាមេឃុំផាតសណ្តាយ បានក្លែងបន្លំឯកសារដោយដាក់តែឈ្មោះបក្សពួករបស់ ខ្លួនតែប៉ុណ្ណោះ ដើម្បីបំភ័ណ្ឌភ្នែកឲ្យថ្នាក់លើគិតថា ដីដែលរដ្ឋចែកឲ្យពលរដ្ឋនោះ គឺត្រូវបានដល់ពលរដ្ឋគ្រប់គ្នាអស់ហើយ ប៉ុន្តែតាមការពិត ប្រជាពលរដ្ឋរាប់រយគ្រួសារនៅក្នុងឃុំផាត់សណ្ដាយទាំងមូល សូម្បីតែដីមួយដុំ ក៏ពួកគាត់មិនទាន់ទទួល បាននៅឡើយនោះទេ ។កន្លងមកផងដែរ ប្រជាពលរដ្ឋធ្លាប់បានដាក់ពាក្យបណ្ដឹង ទៅរូបលោកអភិបាលស្រុកកំពង់ស្វាយ និងរូបលោកអភិបាលខេត្ត កំពង់ធំឲ្យជួយពួកគាត់ជាច្រើនលើកច្រើនសារ ប៉ុន្តែរូបលោក សុខ លូ មិនធ្លាប់បានយកចិត្តទុកដាក់ដោះស្រាយ ជួយពួក គាត់នោះទេ រហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ បើគិតអំពីការរងទុក្ខនូវទង្វើអយុត្តិធម៌នេះ គឺអស់រយៈពេលជាង ០៤ឆ្នាំ ទៅហើយ ពួកគាត់អត់ទ្រាំតទៅទៀតលែងបាន ទើបបានជាផ្ទុះការតវ៉ាតែម្ដង និងបានរាយការណ៍សុំឲ្យក្រុមអ្នកសារព័ត៌មាន ឲ្យចុះមកយកព័ត៌មានដល់ទីតាំងដីទំនាស់ ជួយស្រាវជ្រាវរកការពិត នេះតែម្តង ។ជុំវិញទៅនឹងការលើកឡើងពីប្រជាពលរដ្ឋរងទុក្ខ ថាអាជ្ញាធរថ្នាក់ដឹកនាំខេត្តមិនព្រមអើពើសោះអង្គើយជាមួយរាស្ត្រខ្លួននេះ អង្គភាពព័ត៌មានយើង នៅមិនទាន់បានការបំភ្លឺពីរូបលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំបាននៅឡើយទេ ក្នុងថ្ងៃនេះ ៕
ព័ត៌មានគួរចាប់អារម្មណ៍
រឿងអាស្រូវច្រកព្រំដែនបាក់ដៃ ខេត្តតាកែវ ទំនិញគេចពន្ធនៅតែបន្តលួចនាំចូលដដែល ទោះធ្លាប់មានរឿងហៅបំភ្លឺរួចហើយតើលោក ព្រាប គារ៉ាត់ ប្រធានគយចលត័តំបន់២គិតយ៉ាងណា? (vojhotnews)
ក្រសួងព័ត៌មានពិនិត្យវឌ្ឍនភាពកំណែទម្រង់វិមជ្ឈការ និងពង្រឹងប្រសិទ្ធភាពការងារនៅថ្នាក់ក្រោមជាតិ ()
អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់គាត់ អោយនាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលសីមាលេខ ៥២ និង ៥៩ (vojhotnews)
ឱកាសបុណ្យភ្ជុំបិណ្ឌ! លោក កែវ ធូ តំណាងក្រុមហ៊ុន ជាំង ស៊ា ម៉ាញនីង អេនើជី ឌីវេឡុបមុិន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា ចំនួន៦០គ្រួសារ នៅឃុំសុចិត្រ ស្រុកសណ្តាន់ ()
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
វីដែអូ
ចំនួនអ្នកទស្សនា