ប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែនខ្មែរ-យួន ក្នុងស្រុកកែវសីមា បានឲ្យដឹងថា ឈើដែលឈ្មួញដឹកជញ្ជូនចេញទៅស្រុកយួនតាមច្រកទ្វេរភាគីឡាប៉ាខេ និងច្រករបៀងជាច្រើនកន្លែង គឺជាឈើដែលឈ្មួញប្រមូលទិញមានឈ្មោះ ស្រីលីនដឹកចេញពីដែនជម្រកសត្វព្រៃភ្នំព្រេច តំបន់អភិរក្សជីវៈចម្រុះកែវសីមា និងតំបន់ដែនជម្រកសត្វព្រៃភ្នំណាំលៀ ស្រុកពេជ្រាដា ជាដើម។ បើតាមប្រភពពីក្រុមឈ្មួញនិងប្រជាពលរដ្ឋដែលដឹកជញ្ជូនឈើចេញទៅស្រុកយួនបានឲ្យដឹងថា ពួកគេបង់លុយឲ្យលោក សា ផល្លា មេប៉ុស្ដិ៍ច្រកណាំលៀ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតតាមការកំណត់ ទើបអាចដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងរលូនបាន ហេតុនេះហើយទើបមានសេចក្ដីអំពាវនាវឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់បទល្មើសខាងលើនេះផង ព្រោះមានសេចក្ដីរាយការណ៍ថា លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ជាអ្នកឃុបឃិតបើកដៃឲ្យលោក សា ផល្លា បើកច្រកតាមអំពើចិត្តឲ្យឈ្មួញឈ្មោះ ស្រីលីនដឹកឈើឆ្លងដែនទៅប្រទេសវៀតណាមអានាធិបតេយ្យ។សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខ្មែរ-យួន ក្បែរច្រកទ្វេរភាគ្គីឡាប៉ាខេ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឲ្យដឹងថា មកដល់ពេលនេះលោក សា ផល្លា មេប៉ុស្ដិ៍ច្រកឡាប៉ាខេ នៅតែឃុបឃិតបើកដៃឲ្យឈ្មួញដឹកដដែលដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ពាក់ព័ន្ធករណីនេះមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបង្ហើបឲ្យដឹងថា ការដែលលោក សា ផល្លា ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន គឺដោយសារអាងមានលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ជាមិត្តភក្ដិជិតស្និទ្ធនិងជាបង្អែកដ៏រឹងមាំរបស់ខ្លួន ដូច្នេះហើយទើបលោក សា ផល្លា នៅតែបន្តឃុបឃិតឲ្យមានបទល្មើសដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកឡាប៉ាខេ ក៏ដូចជាច្រករបៀងច្រើនកន្លែងក្រោមការទទួលខុសត្រូវរបស់អង្គភាពនគរបាលវរការពារព្រំដែនគោកលេខ៦២១។តាមប្រភពព័ត៌មានពីមន្ត្រីនៅច្រកឡាប៉ាខេ បានឲ្យដឹងថា ជារៀងរាល់យប់មានឈ្មួញដឹកជញ្ជូនឈើតាមរថយន្តនិងមានប្រជាពលរដ្ឋដឹកជញ្ជូនឈើតាមម៉ូតូចេញទៅស្រុកយួនតាមច្រករបៀងង៉ាំតាយិន ច្រករបៀង៣៥ បន្តទៅច្រករបៀងង៉ាំដី ដោយក្នុងមួយយប់ៗសរុបចំនួនម៉ូតូដឹកឈើគឺមានមិនក្រោម៤០ទៅ៥០គ្រឿងច្រករបៀងទាំងនោះគ្រប់គ្រងដោយលោក សា ផល្លា ដែលជានាយប៉ុស្ដិ៍ច្រកឡាប៉ាខេ ចំណុះឲ្យអង្គភាពនគរបាលវរការពារព្រំដែនគោកលេខ៦២១ ទន្ទឹមនឹងនេះលោក សា ផល្លា បានប្រគល់តួនាទីឲ្យលោក អ៊ូច សុភក្ត្រ ជាអ្នកដើរប្រមូលលុយពីឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រករបៀងជាច្រើនកន្លែង ដូចជាច្រកង៉ាំអូរជុំច្រកយូឡឹត ច្រកតាយិន ច្រកបាឡា ច្រកង៉ាំដី និងច្រកង៉ៃបាវ៉េ ជាដើម តាមរយៈការឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក គឺលោក សា ផល្លា អាចប្រមូលលុយបានយ៉ាងច្រើន។ប្រជាពលរដ្ឋសំណូមពរដល់សម្តេច ក្រឡាហោម ស ខេង មេត្តាដាក់កម្លាំងសម្ងាត់ចុះពិនិត្យតាមដានបទល្មើសព្រៃឈើនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរីផងទាន បើពុំដូច្នេះព្រៃតំបន់អភិរក្សវានិងវិនាសមហន្តរាយជាមិនខាន៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក គង់ សំអាត នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនប្រជាពលរដ្ឋខ្វះខាត ៥១គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក ()
រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ជួបសំណេះសំណាល និងជូនដំណើរកងកម្លាំងត្រៀមចេញបំពេញបេសកកម្មជួរមុខភ្នំដងរែក (SanNews)
អភិបាលរងស្រុកសណ្តាន់ នាំយកថវិកា និងសម្ភារៈឧបភោគបរិភោគ ជូនវីរកងទ័ពត្រៀមចេញដំណើរទៅការពារព្រំដែន (SanNews)
រដ្ឋបាលស្រុកសន្ទុក និងសាលាអនុគណស្រុក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាដល់កម្លាំងទាហានត្រៀមបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន (News)
គណៈកម្មការផ្សះផ្សា UNCLOS នឹងប្រជុំលើកដំបូងជាមួយកម្ពុជា និងថៃ នៅសិង្ហបុរី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ()
វីដែអូ
ចំនួនអ្នកទស្សនា