(ភ្នំពេញ)៖ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ដែលជាបណ្តុំសមាគមសារព័ត៌មាន១៤នៅកម្ពុជា បានតាមដានដោយយកចិត្តទុកដាក់ចំពោះដំណើរការក្តីលើ «សំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់លោក កឹម សុខា» ព្រមទាំងបានពិនិត្យលើការផ្សាយព័ត៌មាននានា និងបានស្តាប់សាធារណមតិជុំវិញករណីនេះ។សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ក្នុងនាមជាប្រជាជនកម្ពុជាដែលជាម្ចាស់ប្រទេស បានយល់ច្បាស់ពីសច្ចភាពនៃដំណើរប្រវត្តិសាស្ត្រកម្ពុជា និងបានយល់ច្បាស់ពីផលវិបាកនានាដែលបង្កឡើងដោយសារតែមនោគមន៍វិជ្ជាបរទេស និងនយោបាយជ្រុលនិយម ដែលនាំឱ្យប្រទេសជាតិជួបវិនាសកម្ម ហិនហោច សោកសង្រេងក្នុងអតីតកាល គឺមិនគាំទ្ររាល់សកម្មភាពនយោបាយដែលឃុបឃិតជាមួយជនបរទេសបំផ្លាញភាពសុខសាន្តរបស់ប្រទេសជាតិនិងប្រជាជននោះទេ។សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា សូមរំលឹកឡើងវិញថា កម្ពុជាក្នុងទសវត្សរ៍១៩៦០ ធ្លាប់កាត់ទោសប្រហារជីវិត ព្រាប អ៉ិន និងគូកន នៅត្រពាំងក្រឡឹង ពីទោសក្បត់ជាតិ។ នៅគ្រានោះ ការជ្រៀតជ្រែកពីបរទេសមកលើកិច្ចការផ្ទៃក្នុងកម្ពុជា ហាក់មិនឈប់ឈរសោះ ហើយជាអកុសល នយោបាយឃុបឃិតជាមួយបរទេសរបស់ លន់ នល់ បាននាំឱ្យកើតមានរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលលទ្ធផលបាននាំប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម ការទម្លាក់គ្រាប់បែក និងកើតឡើងនូវរបបវាលពិឃាត ប៉ុល ពត ដែលធ្វើឱ្យប្រជាជនកម្ពុជាស្លាប់ជាង៣លាននាក់ និងរស់នៅជាមួយភ្នំឆ្អឹង ស្ទឹងទឹកភ្នែក ហេដ្ឋារចនាសម្ព័ន្ធប្រទេសជាតិ ត្រូវខ្ទេចខ្ទាំក្លាយជាផេះផង់។ មេរៀនប្រវត្តិសាស្ត្រនេះ ហាក់នៅស្រស់ៗ និងសោកសៅពន់ពេកហើយ សម្រាប់ប្រជាជនខ្មែរ និងប្រទេសដ៏កម្សត់មួយនេះ ដែលកម្ពុជាដាច់ខាតមិនត្រូវអនុញ្ញាតឱ្យនយោបាយជ្រុលនិយម ដែលដើម្បីតែមហិច្ឆតាអំណាចផ្ទាល់ខ្លួន ឃុបឃិតជាមួយបរទេស មកបំបែកបំបាក់សាមគ្គីជាតិ និងបំផ្លិចបំផ្លាញកម្ពុជាសារជាថ្មីឡើយ។សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា យល់ឃើញថា រលកបដិវត្តន៍ពណ៌ ដែលកើតឡើងជាបន្តបន្ទាប់នៅច្រើនកន្លែង ក៏ហាក់មិនថមថយឡើយ ហើយការប៉ុនប៉ងឆក់ឱកាសក្នុងដំណាក់កាលបោះឆ្នោត និងការបង្កហេតុតាមផ្លូវទុច្ចរិត មិនប្រជាធិបតេយ្យ ដើម្បីដណ្តើមអំណាចតាមផ្លូវបដិវត្តន៍ពណ៌ គឺកម្ពុជាពិតជាមិនអាចធ្វេសប្រហែសបានឡើយ។ ឧបាយកលនិងការចិញ្ចឹមចិត្តធ្វើបដិវត្តន៍ពណ៌ ស្តែងចេញយ៉ាងច្បាស់តាមរយៈសម្តីរបស់លោក កឹម សុខា ដែលមាននៅក្នុងឃ្លីបវីដេអូ មានផ្សាយជាសាធារណៈរួចជាស្រេចទៅហើយ។សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា យល់ឃើញថា ការផ្តន្ទារទោសលោក កឹម សុខា ឱ្យជាប់ឃុំរយៈពេល២៧ឆ្នាំ ហើយអាចរស់នៅក្នុងផ្ទះរបស់ខ្លួន ស្ថិតក្រោមវិធានការត្រួតពិនិត្យរបស់តុលាការ គឺជាការអនុវត្តច្បាប់ប្រកបដោយការថ្លឹងថ្លែង មនុស្សធម៌ និងមានការយល់យោគពេកហើយ បើប្រៀបធៀបទៅនឹងអំពើក្បត់ជាតិរបស់ ព្រាប អ៊ិន ដែលត្រូវបានកាត់ទោសប្រហារជីវិត ហើយតាមផ្លូវច្បាប់ លោក កឹម សុខា នៅមានសិទ្ធិពេញលេញក្នុងការប្តឹងឧទ្ធរណ៍លើការសម្រេចក្តីនេះតទៅទៀត។សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា បានកត់សំគាល់ឃើញថា មានញត្តិដ៏ច្រើនលើសលប់ពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បណ្តាអង្គការសង្គមស៊ីវិល និងពីប្រជាជនកម្ពុជា គាំទ្រចំណាត់ការរបស់តុលាការចំពោះអំពើក្បត់ជាតិរបស់ កឹម សុខា។ នេះឆ្លុះបញ្ចាំងបានថា ប្រជាជនកម្ពុជា មិនយល់ព្រមឱ្យចលនាទុច្ចរិតណាមួយ មកបំផ្លាញសេចក្តីសុខ សន្តិភាព និងបំពានអធិបតេយ្យជាតិ សារជាថ្មីនោះឡើយ។សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ក៏បានកត់សម្គាល់ឃើញថា មានបរទេសខ្លះបានថ្លែងសារបែបចំអកមកលើចំណាត់ការរបស់តុលាការ ដែលយើងយល់ថា ជាការលាតត្រដាងឱ្យឃើញច្បាស់វិញថា គេសុខចិត្តបិទភ្នែក និងបិទត្រចៀកដោយមិនខ្វល់ពីអង្គហេតុនិងទង្វើរបស់ កឹម សុខា។ គេនិយាយអំពីនីតិរដ្ឋ តែផ្ទុយទៅវិញគេទាត់ចោលផ្លូវច្បាប់របស់ប្រទេសអធិបតេយ្យមួយ ហើយថែមទាំងទាត់ចោលការឈឺចាប់ពីមេរៀនអតីតកាល និងការប្រឹងប្រែងក្នុងបច្ចុប្បន្នរបស់ប្រជាជនកម្ពុជារាប់លាននាក់។ បរទេសខ្លះបានប្រើប្រាស់វោហារសាស្ត្រសិទ្ធិនិងសេរីភាព ធ្វើជាស្បៃដ៏ពិសពុលបិទបាំងលើទង្វើទុច្ចរិតរបស់ពួកជ្រុលនិយម។ ប៉ុន្តែលើការជាក់ស្តែង ពួកគេមិនអនុញ្ញាតឱ្យអំពើជ្រុលនិយម អំពើអនាធិបតេយ្យ កើតមាននៅក្នុងប្រទេសរបស់គេនោះទេ។ ពិភពលោកបានឃើញដោយផ្ទាល់ភ្នែកនូវវិធានការឆ្លើយតបរបស់គេតាមផ្លូវច្បាប់ និងការសងសឹករបស់គេជាបន្តបន្ទាប់នៅច្រើនទីកន្លែង ដោយមិនលើកលែង។ នេះជាការដាស់ស្មារតីប្រជាជនកម្ពុជាថា ភាពសុខសាន្តរបស់ប្រជាជនកម្ពុជា គឺមិនអាចផ្ញើលើនរណា ក្រៅតែពីខ្មែរខ្លួនឯងបានឡើយ។ បើពេលណាហើយដែលប្រទេសកម្ពុជា ធ្លាក់ក្នុងវិបត្តិ គ្មានស្ថេរភាព បាត់បង់ឯករាជ្យនិងសន្តិភាព គឺច្បាស់ណាស់ គ្មាននរណាទ្រាំទ្រការលំបាកនៅទីនេះ ក្រៅតែពីប្រជាជនកម្ពុជានោះទេ។ ពួកគេនឹងចាកចោលកម្ពុជា ដូចដែលទ្រង់ ស៊ីសុវត្ថិ សិរិមតៈ បានផ្ញើសារចុងក្រោយរួចទៅហើយ។សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹងដល់មនសិការស្មារតីរបស់ប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចប្រឹងប្រែងទាំងឡាយរបស់អាជ្ញាធរមានសមត្ថកិច្ច ស្ថាប័នតុលាការ និង រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់តាមផ្លូវច្បាប់នូវរាល់ឧបាយកលទុច្ចរិត និងនយោបាយជ្រុលនិយម ដែលប្រាសចាកពីដំណើរប្រជាធិបតេយ្យ ដើម្បីធានាការពារភាពសុខសាន្ត ស្ថិរភាពជាតិ អធិបតេយ្យជាតិ ព្រមទាំងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ កម្ពុជាមានជម្រើសដ៏ត្រឹមត្រូវនិងមានតម្លៃបំផុតនោះគឺ «សន្តិភាព» ត្រូវតែស្ថិតស្ថេរយូរអង្វែងនៅកម្ពុជា ដើម្បីអនាគតដ៏ប្រសើររបស់កូនចៅនិងប្រជាជនយើងតទៅមុខ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមាគមឧកញ៉ាកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបញ្ចប់គោរមងារ «ឧកញ៉ា» ពីគោរមវន្តណាម្នាក់ ដែលស្ថិតក្នុងករណីចំនួន៥! (vojhotnews)
កិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជូនដល់អាជ្ញាធរសាធារណៈពាក់ព័ន្ធ និងប្រតិបត្តិករល្បែងផ្សងសំណាង នៅខេត្តតាកែវ (vojhotnews)
ភ្នាក់ងាររកទីផ្សារឱ្យក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទាមទារកម្រៃជើងសាឬប្រាក់កុំមីស្យុងទន្ថើនៗ! អានព័ត៌មាន៖ ផ្សាយថ្ងៃទី០៤ ខែ០៣ ឆ្នាំ២០២៤ (vojhotnews)
ល្បែងពាណិជ្ជកម្មរាល់ថ្ងៃមានទំព័រហ្វេសប៊ុក១៥-២០ ផ្សព្វផ្សាយល្បែងខុសច្បាប់, អ្នកផ្សព្វផ្សាយនឹងត្រូវហៅទៅពន្យល់ អប់រំ និងណែនាំខាងមុច! (vojhotnews)
បន្ទាប់ពីបាត់លុយវិនិយោគរាប់សិបលានដុល្លាអ្នកវិនិយោគក្នុងក្រុមហ៊ុន CIC Partner ទាមទារឱ្យថ្នាក់ដឹកនាំទាំង ១៣នាក់សងលុយពួកគេវិញ ! (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា