ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ សម្រែកយុត្តិធម៌
មន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាទី៣ខេត្ដសៀបរាបសម្ពោធដាក់ឱ្យដំណើរការ អគារសម្ភពថ្មីអញ្ជើញសម្ពោធដោយ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល !
Wed,14 February 2024 (Time 02:30 PM)
ដោយ ៖ vojhotnews (ចំនួនអ្នកអាន: 78នាក់)

(សៀមរាប)៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាកម្ពុជា តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីភាពអញ្ជើញសម្ពោធដាក់ឱ្យដំណើរការ អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ខេត្ដសៀបរាប។
ពិធីនេះក៏មានការអញ្ជើញពីលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប, លោកអភិបាលរងខេត្តសៀមរាប, លោកបណ្ឌិត Philip Robinson ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាស្វីស Dr. Med.Beat Richner លោកវេជ្ជបណ្ឌិត Denis Laurent អគ្គនាយកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្តសៀមរាប។
ក្នុងឱកាសនោះលោកបណ្ឌិត Philip Robinson ប្រធានក្រុមប្រឹក្សាមូលនិធិគន្ធបុប្ផាស្វីស Dr. med. Beat Richner បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាលដែលបានលើកឡើងអំពីសមិទ្ធិផលរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានខិតខំប្រឹងប្រែងក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ។
លោកប្រធានក្រុមប្រឹក្សាមូលនិធិគន្ធបុប្ផាស្វីស ក៏បានជម្រាបជូនថា ក្រោយពីអវត្តមានរបស់លោកសាស្ត្រាចារ្យ បេអាត រីចឈ្នឺ មូលនិធិគន្ធបុប្ផាស្វីស បានចាប់ផ្តើមគិតគូរអំពីការតម្រង់ទិសដៅ និងរៀបចំអ្នកជំនាន់ក្រោយសម្រាប់មូលនិធិ ដូចជាប្រធានក្រុមប្រឹក្សាមូលនិធិគន្ធបុប្ផាស្វីស គឺជាអ្នកទទួលខុសត្រូវមូលនិធិជំនាន់ទី៣ ដែលមានតួនាទីក្នុងការបន្តស្វែងរកសប្បុរសជន និងកៀរគរថវិកាជួយគាំទ្រមូលនិធិឱ្យមានរយៈយូរអង្វែងជាបន្តទៀត។ មូលនិធិគន្ធបុប្ផាស្វីស ប្តេជ្ញាចិត្តគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា និងកំពុងរៀបចំផែនការសកម្មភាពផ្សេងៗ ដើមី្បអាចគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាបន្តទៅទៀត មានដូចជាគម្រោងសហប្រតិបត្តិការមន្ទីរពេទ្យសាកលវិទ្យាល័យក្រុងហ្សុយរិកប្រទេសស្វីស ដោយបានបញ្ជូនសាស្ត្រាចារ្យជំនាញ ឯកទេស មកជួយដល់មន្ទីរពេទ្យជាប្រចាំ។
ជាថ្មីម្តងទៀត ដើម្បីឆ្លើយតបតាមតម្រូវការពិនិត្យព្យាបាលស្ត្រីមានផ្ទៃពោះ និងទារកប្រឈមក្រោយកំណើត មន្ទីរពេទ្យជ័យវរ្ម័នទី៧ បានសាងសង់អគារសម្ភពថ្មីបន្ថែមជាលើកទី២នេះ ដែលមានគ្រែសរុបចំនួន១២០គ្រែ ក្នុងនោះមាន៤០គ្រែ សម្រាប់សង្គ្រោះបឋមទារកទើបកើត (Postnatal neonatology) ដែលបានចាប់ផ្តើមការដ្ឋានសាងសង់នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។ គម្រោងអគារទាំងមូល ត្រូវបានសាងសង់ឡើងមានកម្ពស់៣ជាន់ និងមានក្រឡាផ្ទៃសរុបចំនួនប្រមាណ ១,៥០០ម៉ែត្រការ៉េ លើផ្ទៃដីសរុបរបស់មន្ទីរពេទ្យទាំងអស់ មានក្រឡាផ្ទៃប្រមាណ ៥,៥ហិចតា បានចំណាយថវិកាសាងសង់អស់ប្រមាណ ២,៥លានដុល្លារអាមេរិក និងប្រមាណ៥០ម៉ឺនដុល្លារទៀត សម្រាប់ការគ្រោងបំពាក់សម្ភារៈបរិក្ខារពេទ្យចាំបាច់ជាបន្តបន្ទាប់។ នេះបើតាមការបញ្ជាក់របស់លោកសាស្ដ្រាចារ្យ យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)។
លោកសាស្ដ្រាចារ្យ យ៉ៃ ចន្ទនា បានថ្លែងបន្ដថា អគារសម្ភពបន្ថែមថ្មីនេះ ពិតជាអាចចូលរួមចំណែកកាត់បន្ថយស្ថានភាពចង្អៀតណែននៅផ្នែកសម្ភពនៃមន្ទីរពេទ្យ ដែលថ្ងៃខ្លះស្ត្រីឆ្លងទន្លេមួយចំនួនខ្វះគ្រែសម្រាកព្យាបាល ហើយត្រូវគេងក្រាលកន្ទេលលើឥដ្ឋ។
លោកបន្ដថា ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យបានពិនិត្យព្យាបាល ជំងឺកុមារនៅផ្នែកពិគ្រោះជំងឺក្រៅ (OPD) ចំនួន ៦,២៩៩,៨០៩ ករណី កុមារក្រោមអាយុ១៥ឆ្នាំ ចំនួន ១,១២១,៧២២នាក់ (IPD) ត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងនៅផ្នែកសម្ភព បានពិនិត្យព្យាបាលពិនិត្យផ្ទៃពោះ បានចំនួន ២,២៩៩,៤៣៣ករណី និងសម្រាលកូនបានចំនួន ៣៩៧,២១៦កំណើត។ ក្នុងឆ្នាំ២០២៣កន្លងទៅនេះ មន្ទីរពេទ្យបានទទួលពិនិត្យតាមដានផ្ទៃពោះចំនួន ១០៨,០១៩ករណី និងសម្រាលកូនបានចំនួន ២៥,៥៨០នាក់ ក្នុងអត្រាកើតដោយវះកាត់ (Cesarean Section) ចំនួន២០% និងអត្រាមរណភាពមាតាឆ្លងទន្លេក្នុងមន្ទីរពេទ្យមាន ០,០២% ។ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ចំនួន១៥,០០១នាក់ បានទទួលនូវអត្ថប្រយោជន៍សាច់ប្រាក់ឧបត្ថម្ភអំពីគោលនយោបាយសមធម៌ និងគាំពារសង្គមនៃរាជរដ្ឋាភិបាលកម្ពុជា។
តំណាងឱ្យមន្ទីរពេទ្យ លោកបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា និងក្រោមការដឹកនាំផ្ទាល់របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានផ្តល់ថវិកាចំនួន ២លានដុល្លារ សម្រាប់គម្រោងអគារសម្ភពថ្មីមួយនេះ ជាជំនួយថវិកាបំពេញបន្ថែមដ៏ថ្លៃថ្លា លើការចំណាយរបស់មូលនិធិគន្ធបុប្ផាស្វីស Dr.med. Beat Richner។
ជាមួយគ្នានេះ លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានថ្លែងផងដែរ «សមិទ្ធផលថ្ងៃនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យសុខាភិបាល ដែលជាមុំអាទិភាពមួយនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបន្តរក្សាបានសន្តិភាព ស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច សន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម និងអភិវឌ្ឍន៍»។
ឆ្លៀតឱកាសដ៏វិសេសវិសាលនេះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានសម្ដែងការថ្លែងអំណរព្រះគុណ និងកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅជាទីបំផុត ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលជានិច្ចកាលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាកូនចៅ ចៅទួត និងគាំទ្រដល់ដំណើរការនៃមន្ទីរពេទ្យគន្ធបុប្ផាទាំងមូលតាំងពីដើមរៀងមក។
លោកសាស្ដ្រចារ្យរដ្ឋមន្ដ្រី ក៏សម្តែងនូវអំណរគុណដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងសមេ្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងថវិកាដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ជាពិសេសសម្តេចទាំងទ្វេជាស្ថាបនិកនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានបង្កើតឡើង ដើម្បីជួយគាំទ្រដល់និរន្តរភាពនៃមន្ទីរពេទ្យគន្ធបុប្ផា ក្រោយអវត្តមានលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត Beat Richner ស្ថាបនិកដ៏ឆ្នើមនៃមន្ទីរពេទ្យគន្ធបុប្ផាតាំងពីឆ្នាំ១៩៩២។
ព្រមជាមួយគ្នានេះ លោកសាស្ដ្រាចារ្យ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានគាំទ្រនិងយកចិត្តទុកដាក់ខ្ពស់ដល់សុខុមាលភាពប្រជាពលរដ្ឋ។ លោកសាស្ដ្រារ្យក៏បានថ្លែងអំណរគុណអស់ពីដួងចិត្ត ជូនចំពោះ មូលនិធិគន្ធបុប្ផាស្វីស រដ្ឋាភិបាលស្វីស សប្បុរសជនស្វីស និងសប្បុរសជនគ្រប់លំដាប់ថ្នាក់ កំពុងរស់នៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសទាំងអស់ ដែលបាននិងបន្តចូលរួមវិភាគទាន និងគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ដែលមានស្តង់ដារព្យាបាលខ្ពស់ ប្រកបដោយវិជ្ជាជីវៈ គុណភាព និងប្រសិទ្ធភាព ដោយឥតគិតថ្លៃ ដែលប្រជាជនកម្ពុជាទូទៅទទួលស្គាល់ និងជឿទុកចិត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

សមាគមឧកញ៉ាកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបញ្ចប់គោរមងារ «ឧកញ៉ា» ពីគោរមវន្តណាម្នាក់ ដែលស្ថិតក្នុងករណីចំនួន៥! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងល្បែងផ្សងសំណាង និងការគ្រប់គ្រងផលប៉ះពាល់ពីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជូនដល់អាជ្ញាធរសាធារណៈពាក់ព័ន្ធ និងប្រតិបត្តិករល្បែងផ្សងសំណាង នៅខេត្តតាកែវ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ភ្នាក់ងារ​រក​ទីផ្សារ​ឱ្យ​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទាមទារ​កម្រៃ​ជើងសា​ឬ​ប្រាក់​កុំមីស្យុង​ទន្ថើនៗ! អានព័ត៌មាន៖ ផ្សាយថ្ងៃទី០៤ ខែ០៣ ឆ្នាំ២០២៤ (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ល្បែងពាណិជ្ជកម្មរាល់ថ្ងៃមានទំព័រហ្វេសប៊ុក១៥-២០ ផ្សព្វផ្សាយល្បែងខុសច្បាប់, អ្នកផ្សព្វផ្សាយនឹងត្រូវហៅទៅពន្យល់ អប់រំ និងណែនាំខាងមុច! (vojhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

បន្ទាប់ពី​បាត់​លុយ​វិនិយោគ​រាប់​សិប​លាន​ដុល្លាអ្នក​វិនិយោគ​ក្នុង​ក្រុមហ៊ុន CIC Partner ទាមទារ​ឱ្យ​ថ្នាក់ដឹកនាំ​ទាំង ១៣​នាក់​សង​លុយ​ពួកគេ​វិញ ! (vojhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
27 នាក់
ម្សិលមិញ :
261 នាក់
សប្តាហ៍នេះ :
888 នាក់
ខែនេះ :
8633 នាក់
3 ខែនេះ :
20208 នាក់
សរុប :
553262 នាក់