ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅបរិវេណវិទ្យាល័យស្ទឹងសែន ស្ថិតក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានរៀបចំប្រារព្ធ «ទិវាបរិស្ថានជាតិ ទិវាបរិស្ថានពិភពលោក និងសំណល់សូន្យ» ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងបរិយាកាសយ៉ាងគគ្រឹកគគ្រេង និងមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់មន្ត្រីរាជការ នៃរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី ការកងកម្លាំងប្រដាប់អាវុធរួមនិងអ្នកគ្រូលោកគ្រូ សិស្សានុសិស្សផងដែរ។ ក្នុងឱកាសនោះដែរ÷ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា÷ ការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនានេះ គឺផ្ដោតលើការយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ និងការថែរក្សាអនាម័យ បរិស្ថាន តាមទីប្រជាជន និងជនបទ តាមរយៈការរក្សាអនាម័យ និងគ្រប់គ្រងសំណល់ ដែលរដ្ឋបាលខេត្តកំពង់ធំ កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង និងដែលកំពុងដើរទន្ទឹមជាមួយនឹងការអភិវឌ្ឍន៍ លើវិស័យសេដ្ឋកិច្ច សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម ទីក្រុងបៃតង អនាម័យ និងសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមបន្តអោយដឹងថា÷ ផ្អែកលើទិដ្ឋភាពជាក់ស្ដែង ឃើញមានសំណល់រឹង ជាពិសេសថង់ផ្លាស្ទិក ដបទឹកសុទ្ធ បានបោះចោលរាយប៉ាយ នៅតាមដងផ្លូវ និងនៅលើដីទំនេរនៅតាមទីប្រជុំជន និងជនបទមួយចំនួន។ដូច្នេះហើយការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនានេះ ប្រារព្ធទៅក្នុងគោលបំណង បង្កើនការយល់ដឹងនិង ការចូលរួមពីមហាជនទាំងអស់ ក្នុងការគ្រប់គ្រងសំណល់ ជាពិសេស សំណល់ប្លាស្ទិក ដែលត្រូវបានពិភពលោកចាត់ទុកថាជាការបង្កគ្រោះថ្នាក់លាក់មុខ ដល់សុខមាលភាពមនុស្ស សត្វ និងរុក្ខជាតិផងដែរ។ ទន្ទឹមគ្នានោះផងដែរឯកឧត្តម បានជំរុញដល់សិស្សានុសិស្ស ទាំងអស់ឲ្យបន្តការប្រឹងប្រែងរៀនសូត្រ និងយកចិត្តទុកដាក់ ដើម្បីក្រេបយកចំណេះវិជ្ជា ដើម្បីក្លាយជាសិស្សល្អ សិស្សពូកែ និងយកចំណេះវិទ្យា ទៅប្រកបមុខជំនាញរៀងៗខ្លួនផងដែរ។ ក្នុងនោះផងដែរ រដ្ឋបាលក្រុងស្ទឹងសែនបានឱ្យដឹងថា÷ ទិវាបរិស្ថាននេះពិតជាមានសារៈសំខាន់ក្រៃលែង ក្នុងខណៈពេលដែលរដ្ឋបាលក្រុងស្ទឹងសែនកំពុងប្រឹងប្រែងអនុវត្ត និងពន្លឿនការងារគ្រប់គ្រងអនាម័យទីក្រុង រួមមានការគ្រប់គ្រងសម្រាម សំណល់រឹង សំណល់រាវ ការបំពុលបរិយាកាស ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការដាំដើមឈើប្រណិតនៅតាមសួនស្ទឹងសែន តាមទីសាធារណៈ និងការធ្វើឲ្យប្រសើរឡើងនៅសោភ័ណភាពទីក្រុង ដើម្បីឆ្លើយតបនិង គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។មិនតែប៉ុណ្ណោះ ដើម្បីកែប្រែខេត្តកំពង់ធំ ឲ្យក្លាយជាទីក្រុងស្អាតបៃតង ប្រកបដោយបដិសណ្ឋារកិច្ចល្អ និងផ្ដល់ឱកាសក្នុងការស្វែងរកប្រាក់ចំណូលជូនរដ្ឋ និងសហគមន៍តាមរយៈការអភិវឌ្ឍន៍ឧស្សាហកម្មគ្មានផ្សែង(ការអភិវឌ្ឍន៍វិស័យទេសចរណ៍)។ លោក អោង ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានមានប្រសាសន៍ឲ្យដឹងក្នុងឱកាសនោះថា÷ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានសហការរៀបចំប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនាឆ្នាំ២០២៦ ក្រោមប្រធានបទ<សំណល់សូន្យ> ដែលរៀបចំឡើង ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមពីមជ្ឈដ្ឋានក្នុងការកាត់បន្ថយ និងការគ្រប់គ្រងសំណល់រឹង និងសំណល់ប្លាស្ទិក ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងប្រកបដោយប្រសិទ្ធភាព ដើម្បីធានាបាននូវសុខភាពសាធារណៈ និងការអភិរក្សជីវៈចម្រុះ។ លោកបានបន្តឲ្យដឹងបន្ថែមដែរថា÷ លទ្ធផលពាក់ព័ន្ធនឹងវិស័យបរិស្ថានរបស់មន្ទីរបរិស្ថាន ដែលសម្រេចបានក្នុងឆមាសទី១ នៃឆ្នាំ២០២៦ រួមមាន÷ បានផ្សព្វផ្សាយ និងជំរុញការអភិវឌ្ឍន៍យុទ្ធនាការក្រោមប្រធានបទ<ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ> <កម្ពុជាស្អាត ខ្មែរធ្វើបាន> និង<ផ្លូវជាតិស្អាត គ្មានសំណល់ផ្លាស្ទិក>ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក ជាពិសេសថង់ប្លាស្ទិកឲ្យនៅកម្រិតអប្បបរមា និងដោយមានព្រះសង្ឃ អាជ្ញាធរដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅទូទាំងខេត្តក្នុងរយៈពេល ៥ខែ ដែលដើមឆ្នាំនេះ មានការចូលរួមជាចលនាយ៉ាងសកម្មបានចំនួន២២៩លើក ដែលមានអ្នកចូលរួមសរុបចំនួន ២១.០៦៧នាក់ ក្នុងនោះមានស្រីចំនួន១០.៩៤១នាក់ បានចែកធុងញែកសំរាមចំនួន១១ទូ ដល់វិទ្យាល័យចំនួន ១១កន្លែង ដែលស្ថិតនៅជាប់ផ្លូវជាតិ ធុងសំរាមចំនួន២៩៥៥ ធុង ជូនដល់ សាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ មន្ទីរពេទ្យ មណ្ឌលសុខភាព និងវត្តអារាម សរុបចំនួន៩៨៥ ទីតាំងអង្គភាពនៅក្នុងខេត្ត បានបណ្ដុះកូនឈើកូន ឈើហូបផ្លែ និងកូនឈើលំអ បានចំនួនជាង៨០.០០០ដើម នៅក្នុងថ្នាលបណ្ដុះកូនឈើចំនួន៧កន្លែង សម្រាប់ចែកជូនដល់សាធារណៈជន និងការដាំស្ដារព្រៃរីករឹល នៅក្នុងរដូវវស្សានេះ គាំទ្រសហគមន៍តំបន់ការពារធម្មជាតិទាំង១៩ ក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តកំពង់ធំ ហ្នឹងបានចុះល្បាត ទប់ស្កាត់ បង្ក្រាប និងកាត់បន្ថយបទល្មើសធនធានធម្មជាតិជាប្រចាំនៅក្នុងតំបន់ការពារធម្មជាតិទាំង៧ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំដោយបានចាត់យកវត្ថុតាងមួយចំនួន ព្រមទាំងបានកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ បញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការជាការបន្តតាមនីតិវិធីផងដែរ ដោយលោកបានបញ្ជាក់ថា នេះបើតាមសេចក្តីរាយការណ៍ប្រចាំថ្ងៃមកមន្ទីរបរិស្ថាន។ ក្នុងនោះផងដែរ មតិចាប់អារម្មណ៍របស់តំណាងសិស្សវិទ្យាល័យស្ទឹងសែន បានលើកឡើងនូវការប្ដេជ្ញាចិត្តថា÷ ធ្វើជាសិស្សគំរូសាលាគំរូក្នុងការថែរក្សាអនាម័យជាពិសេសការសម្អាតនិងការយកចិត្តទុកដាក់សំរាមសំណល់រឹងជាពិសេសសំណល់ផ្លាស្ទិកឲ្យបានត្រឹមត្រូវទាំងនៅក្នុងបរិវេណទាំងនៅក្រៅវិទ្យាល័យ ក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់វត្ថុធ្វើពីប្លាស្ទិក។ ហើយយើងខ្ញុំទាំងអស់គ្នា ជាយុវសិស្ស វិទ្យាល័យស្ទឹងសែន សូមឧទ្ទិសឲ្យស្មារតី នៃទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ<សំណល់សូន្យ> ស្ថិតក្នុងផ្នត់គំនិតរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបជានិរន្តរ៍ និងប្រែក្លាយទិវានេះ ឲ្យទៅជាការអនុវត្តសកម្មភាពជាក់ស្ដែង ដើម្បីជាផលប្រយោជន៍ដល់សង្គមជាតិ និងភពផែនដីទាំងមូលសម្រាប់បច្ចុប្បន្ន និងនាពេលអនាគតផងដែរ។ សូមបញ្ជាក់ផងដែរថាកម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៣ គឺ៖បំផុសស្មារតីស្រឡាញ់បរិស្ថាន៖ ផ្សព្វផ្សាយ និងអប់រំដល់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ និងប្រជាពលរដ្ឋឱ្យយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃបរិស្ថាន។ការគ្រប់គ្រងកាកសំណល់៖ ជំរុញការអនុវត្តគោលការណ៍ «សំណល់សូន្យ (Zero Waste)» តាមរយៈការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ និងការកែច្នៃកាកសំណល់។ការកាត់បន្ថយប្លាស្ទិក៖ ផ្លាស់ប្តូរទម្លាប់នៃការប្រើប្រាស់ប្លាស្ទិកដែលខូចខាតដល់ប្រព័ន្ធអេកូឡូសុី។ ហើយនៅក្នុងឱកាសទិវានោះដែរ ក៏មានការរៀបចំសកម្មភាពជាក់ស្តែងជាច្រើនដើម្បីជាគំរូដល់សហគមន៍រួមមាន៖យុទ្ធនាការសម្អាតបរិស្ថាន៖ ការរួមគ្នារើសសំរាម និងសម្អាតសោភ័ណភាពនៅក្នុង និងជុំវិញបរិវេណវិទ្យាល័យស្ទឹងសែន។ការអប់រំ និងការតាំងពិព័រណ៍៖ មានការបង្ហាញពីរបៀបញែកសំរាម (សំណល់សរីរាង្គ សំណល់ប្លាស្ទិក និងសំណល់ដែលអាចកែច្នៃបាន) និងការដាក់បង្ហាញសម្ភារៈកែច្នៃផ្សេងៗ។ការដាំកូនឈើ៖ សកម្មភាពដាំកូនឈើជានិមិត្តរូប ដើម្បីបង្កើនគម្របបៃតងនៅក្នុងសាលារៀន និងសហគមន៍។សារគន្លឹះនៃទិវា៖ «ការថែរក្សាបរិស្ថាន មិនមែនជាតួនាទីរបស់បុគ្គលណាម្នាក់នោះទេ ប៉ុន្តែវាជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដើម្បីស្ទឹងសែនបៃតង និងភពផែនដីដ៏ស្រស់បំព្រង»។ សកម្មភាពពេញមួយព្រឹកនេះ បានបញ្ចប់ទៅដោយភាពរលូន និងទទួលបានលទ្ធផលយ៉ាងផ្លែផ្កា ដែលនេះជាសញ្ញាណវិជ្ជមានមួយបង្ហាញពីការភ្ញាក់រលឹក និងការចូលរួមយ៉ាងសកម្មរបស់ស្រទាប់យុវជនក្នុងការរួមចំណែកកសាងសង្គមមួយដែលមាន «សំណល់សូន្យ» និងមានបរិស្ថានរស់នៅប្រកបដោយនិរន្តរភាព៕
ព័ត៌មានគួរចាប់អារម្មណ៍
វិទ្យាល័យស្ទឹងសែន រៀបចំទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក និងសំណល់សូន្យ ដើម្បីលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ()
ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ដឹកនាំកិច្ចប្រជុំដើម្បីរកបញ្ហាប្រឈមនិងធ្វើការដោះស្រាយ ()
ក្រុមការងារគណបក្សខេត្តត្បូងឃ្មុំ ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ពិធីដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២៦ គ្រោងសាងសង់ផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែរប្រវែង ២០៥០ម៉ែត្រ ()
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូមួយកន្លែង ក្នុងក្រុងបាវិត ដែលជាប់ពាក់ព័ន្ធនឹង (vojhotnews)
វីដែអូ
ចំនួនអ្នកទស្សនា