កំពង់ធំ៖ ប្រជាពលរដ្ឋរស់នៅភូមិខោស ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ កំពុងបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញសកម្មភាពចាក់ដីលុបបឹងធម្មជាតិនៅក្នុងមូលដ្ឋាន ដែលសកម្មភាពនេះកំពុងតែបន្តកើតមាន និងអាចបង្កឱ្យមានផលប៉ះពាល់ជាច្រើនដល់ការរស់នៅប្រចាំថ្ងៃ និងបរិស្ថានជុំវិញ។ តាមប្រភពពីប្រជាពលរដ្ឋនៅក្បែរនោះបានឱ្យដឹងថា បឹងធម្មជាតិនេះគឺជាប្រភពទឹក និងជាកន្លែងអាស្រ័យផលដ៏សំខាន់មួយសម្រាប់សហគមន៍។ ការចាក់ដីលុបនេះ មិនត្រឹមតែធ្វើឱ្យបាត់បង់ផ្ទៃទឹកសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងគំរាមកំហែងដល់ជីវភាពរបស់ពួកគាត់ផងដែរ។ ការចាក់ដីលុបបឹងធម្មជាតិ អាចបង្កផលវិបាកដល់ពលរដ្ឋក្នុងតំបន់ដូចជា៖ បញ្ហាទឹកជំនន់ និងការលិចលង់៖ នៅពេលរដូវវស្សាមកដល់ បឹងគឺជាអាងស្តុកទឹកធម្មជាតិ។ នៅពេលបឹងត្រូវគេលុប ទឹកគ្មានកន្លែងហូរចាក់ ដែលអាចបណ្តាលឱ្យហៀរលិចផ្ទះសម្បែង ផ្លូវថ្នល់ និងភូមិកររបស់ប្រជាពលរដ្ឋ។ បាត់បង់ប្រភពទឹកប្រើប្រាស់ និងកសិកម្ម៖ ពលរដ្ឋខ្លះពឹងផ្អែកលើទឹកបឹងសម្រាប់ស្រោចស្រពដំណាំ ដាំដុះ ឬឱ្យសត្វពាហនៈផឹក។ ការលុបបឹងធ្វើឱ្យខ្វះខាតទឹក ជាពិសេសនៅរដូវប្រាំង។ ប៉ះពាល់ដល់សន្តិសុខស្បៀងក្នុងសហគមន៍៖ បឹង ត្រពាំង អូរ គឺជាកន្លែងដែលពលរដ្ឋរកបេះបន្លែបង្ការ និងនេសាទត្រីលក្ខណៈគ្រួសារដើម្បីជីវភាព។ បើបាត់បង់បឹង ពួកគាត់ត្រូវចំណាយលុយទិញអាហារកាន់តែច្រើន។ ការប្រែប្រួលប្រព័ន្ធអេកូឡូស៊ី៖ ការបាត់បង់ទីជម្រកសត្វទឹក មច្ឆជាតិ និងរុក្ខជាតិក្នុងទឹក ដែលធ្វើឱ្យប៉ះពាល់ដល់តុល្យភាពធម្មជាតិក្នុងមូលដ្ឋាន។ យោងតាមច្បាប់ភូមិបាល ឆ្នាំ២០០១ នៃព្រះរាជាណាចក្រកម្ពុជា (ជាពិសេសមាត្រា ១៥) រាល់ដីធ្លីដែលជាទ្រព្យសម្បត្តិសាធារណៈ រួមមាន៖ ត្រពាំង អូរ ស្ទឹង ទន្លេ (ប្រភពទឹកធម្មជាតិ) ភ្នំ ឬដីភ្នំ (ដែលជាដីព្រៃឈើ ឬតំបន់ការពារ)ទាំងនេះត្រូវបានចាត់ទុកជា «ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ» (State Public Property)។ មិនអាចលក់ដូរ ដូរ ឬធ្វើប្រគល់កម្មសិទ្ធិឱ្យទៅបុគ្គលឯកជនណាម្នាក់បានឡើយ ដរាបណាវានៅតែមានសារប្រយោជន៍សាធារណៈ។ ការចាក់ដីលុបដោយគ្មានការអនុញ្ញាត៖ ត្រូវបានចាត់ទុកជាអំពើខុសច្បាប់ (ការរំលោភបំពានលើដីរដ្ឋ) ដែលត្រូវប្រឈមមុខនឹងវិធានការរដ្ឋបាល (តម្រូវឱ្យកាយដីចេញវិញ និងស្តារដូចដើម) ឬទោសទណ្ឌតាមច្បាប់ស្តីពីភូមិបាល និងច្បាប់បរិស្ថាន។ បើតាមការបញ្ជាក់របស់លោក សូរ សុវណ្ណ មេឃុំទំរីងបានបញ្ជាក់ដែរថា÷ ដីដែលមានកម្មសិទ្ធិស្របច្បាប់នៅទីតាំងនោះ មានទំហំក្បាលដីប្រមាណពី ៨ ទៅ ១០ម៉ែត្រប៉ុណ្ណោះហើយ ចំណែកផ្ទៃដីដែលលើសពីនេះ និងកំពុងត្រូវបានចាក់នេះ គឺជាចំណីប្រឡាយសម្រាប់រំដោះទឹក។ហើយលោកបានហាមឃាត់ និងណែនាំជាច្រើនដងរួចមកហើយ មិនឱ្យចាក់ដីរំលោភលើចំណីប្រឡាយទេ ប៉ុន្តែពួកគាត់នៅតែបន្តធ្វើសកម្មភាពដដែល។ លោក ប៉េង ហៃ ប្រធានការិយាល័យភូមិបាល ស្រុកសណ្តាន់ បានបញ្ជាក់ថា÷ តាមការពិនិត្យរបស់មន្ត្រីជំនាញ ចំណុចដីដែលកំពុងមានវិវាទនោះ ពុំមានការចុះបញ្ជី ឬចេញប័ណ្ណកម្មសិទ្ធិដីធ្លីជាផ្លូវការនោះទេ។ លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្តាន់ បានបញ្ជាក់ថា÷ រដ្ឋបាលស្រុកនឹងស្នើសុំគោលការណ៍ពីថ្នាក់ខេត្ត ដើម្បីអនុវត្តវិធានការកាយយកដី ដែលចាក់រំលោភលើចំណីប្រឡាយចេញវិញ។លោកបានបន្តអោយដឹងថា ប្រសិនបើភាគីពាក់ព័ន្ធមិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ នឹងមានចំណាត់ការបន្ត ដើម្បីស្តារប្រឡាយរំដោះទឹកឱ្យត្រឡប់ទៅសភាពដើមវិញ ស្របតាមនីតិវិធីច្បាប់។ បើតាមភាគីម្ចាស់ដីបានអះអាងថា÷ មានប្លង់កម្មសិទ្ធិមិនតែប៉ុណ្ណោះបុគ្គលរូបនេះ បានអះអាងថា ដីដែលកំពុងចាក់នោះ ជាកម្មសិទ្ធិរបស់ខ្លួនថែមទៀតផង។ទោះជាយ៉ាងណាក្តី នៅពេលស្នើសុំពិនិត្យឯកសារកម្មសិទ្ធិដើម ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន លោកមិនបានបង្ហាញលិខិតផ្លូវការឡើយ ដោយគ្រាន់តែបង្ហាញរូបភាពឯកសារមួយសន្លឹកក្នុងទូរស័ព្ទដៃតែប៉ុណ្ណោះ។ ប្រជាពលរដ្ឋ និងអ្នកតាមដានសង្គម រួមនិងមហាជនកំពុងរង់ចាំមើលថា តើស្ថាប័នមានសមត្ថកិច្ច នឹងអនុវត្តច្បាប់ដោយស្មើរភាព និងតម្លាភាពដែរឬទេ ចំពោះករណីខាងលើនេះ?។ សុំបញ្ជាក់ដែរថា÷ ទាក់ទិននិងរឿងរាវខាងលើនេះ អង្គភាពរបស់យើងខ្ញុំនិងរង់ចាំការស្រាយបំភ្លឺ គ្រប់សាមីអង្គ រៀងរាល់ម៉ោងធ្វើការ៕
ព័ត៌មានគួរចាប់អារម្មណ៍
ករណីចាក់ដីលុបបឹងនៅឃុំទំរីង ស្រុកសណ្តាន់ កំពុងបង្កើតក្តីបារម្ភពីផលប៉ះពាល់ដល់ពលរដ្ឋ ()
លោក ទុយ សុធារិទិ្ធ៖លើកឡើងថា សមាជិក សមាជិកាទាំងអស់ត្រូវមានឆន្ទះនិងគោរពទៅតាមគោលការណ៍របស់បក្ស ()
វិទ្យាល័យស្ទឹងសែន រៀបចំទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក និងសំណល់សូន្យ ដើម្បីលើកកម្ពស់ការយល់ដឹងពីបរិស្ថាន ()
ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ដឹកនាំកិច្ចប្រជុំដើម្បីរកបញ្ហាប្រឈមនិងធ្វើការដោះស្រាយ ()
ក្រុមការងារគណបក្សខេត្តត្បូងឃ្មុំ ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ
ចំនួនអ្នកទស្សនា